Wednesday, January 13, 2016

Analysis: What is behind the court's arrest warrant for Sam Rainsy again?

           

 ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៥។

















បទ​វិភាគ៖ តើ​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ចេញ​ដីកា​របស់​តុលាការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ផ្ទួនៗ?

            សំណុំ​រឿង លោក សម រង្ស៊ី ចុង​ក្រោយ​ដែល​តុលាការ​សើរើ​សំណុំ​រឿង​ចាស់ ចេញ​ដីកា​ចាប់​ខ្លួន​លោក​នៅ​ពេល​នេះ គឺ​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិវឌ្ឍន៍​កាន់​តែ​អាក្រក់​នា​ពេល​បច្ចុប្បន្ន​នេះ ពិសេស​នឹង​ឈាន​ទៅ​ដល់​ការ​ប្រេះស្រាំ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ ដែល​នឹង​ពិបាក​ស្ដារ​ឡើង​វិញ​បាន។ទោះ​បី​ជា​បែប​នេះ​ក្ដី នរណា​ក៏​ដឹង​ដែរ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ ជា​ហេតុផល​នយោបាយ​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដែល​គេ​មើល​ឃើញ​ពី​ភាព​មិន​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង។

តើ​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ផ្ទួនៗ​នោះ?

ថ្វីត្បិតតែ​តំណាង​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ធ្នូ នេះ​ក៏ដោយ ក៏​ស្ថានភាព​នយោបាយ​ដែល​បាន​ឡើង​កម្ដៅ​ខ្លាំង​ណាស់​ទៅ​ហើយ ក៏​ប្រហែល​មិន​ទាន់​អាច​ស្ដារ​នូវ​អ្វី​ដែល​អ្នក​នយោបាយ​ហៅ​ថា វប្បធម៌​សន្ទនា​នោះ​បាន​ដោយ​ងាយ​នោះ​ឡើយ។ នៅ​ទីបំផុត វប្បធម៌​សន្ទនា​នេះ​មិន​អាច​ឈ្នះ​វប្បធម៌​ចាប់​ចង ដែល​រដ្ឋាភិបាល​តែង​តែ​អនុវត្ត​កន្លង​មក​នោះ​ទេ។

អ្នក​នយោបាយ​ខ្មែរ បាន​ប្រើប្រាស់​ល្បែង​នយោបាយ​ម្ដង​ត្រជាក់ ម្ដង​ក្ដៅ​នេះ មិន​មែន​ជា​លើក​ទី​១ នោះ​ទេ។ ល្បែង​នយោបាយ​នេះ បាន​កើត​មាន​ជា​ដដែលៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​មក អ្នក​នយោបាយ​ខ្មែរ​តែង​តែ​ប្រើប្រាស់​ល្បែង​នយោបាយ​រុក​កួន​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ពិសេស​ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​តាម​លទ្ធិប្រជាធិបតេយ្យ​ឆ្នាំ​១៩៩៣ មក។

ងាក​មក​បច្ចុប្បន្ន​នេះ​វិញ មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​អាណត្តិ​ទី​៥ តែង​តែ​រក​វិធីសាស្ត្រ​ផ្ដួល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។ ការ​យក​ឈ្នះ​ចាញ់​គ្នា​រវាង​អ្នក​នយោបាយ​នៅ​ពេល​នេះ គឺ​គណបក្ស​កាន់​អំណាច បក្ស​ប្រឆាំង ហាក់​ដូចជា​ភ្លេច​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដែល​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្លាប់​បាន​សន្យា​នៅ​មុន​ពេល​បោះ​ឆ្នោត​នោះ។

ជា​ការ​ពិត​ណាស់ តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​សុខ​សន្តិភាព។ ប្រជាពលរដ្ឋ​មិន​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហែកហួរ​គ្នា​គ្មាន​ទី​បញ្ចប់ ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព ពិសេស​ទៅ​ទៀត​នោះ គឺ​តម្រូវ​ការ​ក្រពះ ជាដើម។ របាយការណ៍​ធនាគារ​ពិភពលោក (World Bank) បង្ហាញ​ថា ប្រជាជន​ជាង ៣​លាន​នាក់​មាន​ជីវភាព​ក្រីក្រ ហើយ​ជាង ៨​លាន​នាក់ មាន​ជីវភាព​ជិត​ក្រ។

ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន កំពុង​ប្រើ​គោល​នយោបាយ "ឈ្នះៗ" ក្នុង​ការ​ដឹក​នាំ​របស់​ខ្លួន ដែល​គោល​នយោបាយ​នេះ​មាន​បី​សំខាន់ គឺ​ទី​១ ការ​រក្សា​សុវត្ថិភាព​អាយុ​ជីវិត ទី​២ ការ​រក្សា​ទ្រព្យ​សម្បត្តិ និង​ទី​៣ ការ​រក្សា​ឋានៈ និង​តួនាទី។

នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​កំពុង​មាន​សន្ទុះ​អ្នក​គាំទ្រ​របស់​ខ្លួន​កាន់​តែ​កើន​ឡើង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ហើយ​អាណត្តិ​ទី​៥ នេះ លទ្ធផល​បោះ​ឆ្នោត​ប្រដេញ​គ្នា​នោះ​ជា​មេ​រៀន​ស្រាប់។ បញ្ហា​នេះ ចង់​មិន​ចង់ រដ្ឋាភិបាល​ត្រូវ​តែ​រក​វិធី​ទប់ស្កាត់​តាម​រយៈ​យុទ្ធសាស្ត្រ "ឈ្នះៗ" នេះ ពោល​គឺ​ការ​រក្សា​ឋានៈ​តួនាទី ឬ​អំណាច​ជា​កត្តា​ចម្បង។ ទន្ទឹម​នឹង​នេះ នរណា​ក៏​ដឹង​ដែរ​ថា ក្រុម​អ្នក​មាន​អំណាច ឬ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែ​ជា​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ។

ក្រៅ​ពី​នេះ​ទៀត ជំងឺ​មិន​ទុក​ចិត្ត​ក៏​ជា​រឿង​សំខាន់​ដែរ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ ៣០​ឆ្នាំ មិន​ដែល​ធ្លាប់​មាន​ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ​សោះ​នោះ ការ​ដឹក​នាំ​របស់​បុគ្គល​តែ​ម្នាក់​ដ៏​យូរ​បែប​នេះ ក៏​មាន​ភាព​វិជ្ជមាន និង​អវិជ្ជមាន​ច្រើន​ដែរ ដូចជា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស អំពើ​និទ្ទណ្ឌភាព​ក្នុង​សង្គម ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​អំពើ​និទ្ទណ្ឌភាព ជាដើម។

ជាង​នេះ​ទៅ​ទៀត សារ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ថា "មាន​ស៊ី អត់​សែន មាន​សែន អត់​ស៊ី​នោះ" ប្រហែល​ជា​ឋិត​នៅ​ក្នុង​ការ​ចងចាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​ក៏​ថា​បាន។ ប្រការ​នេះ លោក ហ៊ុន សែន ប្រហែល​ជា​មិន​អាច​ទុក​ចិត្ត លោក សម រង្ស៊ី ឡើយ​បើ​សិន​ជា​លោក​ចាញ់​ឆ្នោត​នោះ។ ម្យ៉ាង​វិញ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ជា​ញឹកញយ អំពាវនាវ​ឲ្យ​បញ្ចប់​វប្បធម៌ "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី"។ លោក ហ៊ុន សែន ទំនង​ជា​ព្រួយ​បារម្ភ​អំពី​ការ​សង​សឹក​ដោយ​ប្រការ​ណា​មួយ ក្រោយ​ពី​លោក​ធ្លាក់​ពី​អំណាច​ក៏​ថា​បាន។

ស្រប​ពេល​គ្នា​នេះ នៅ​មុន​ពេល​កម្ដៅ​នយោបាយ​ឡើង​កាន់​តែ​ខ្លាំង​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​លោក សម រង្ស៊ី ធ្លាប់​បាន​រិះគន់​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ។ លោក សម រង្ស៊ី ក៏​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ភ្លាមៗ​ក្រោយ​ពេល​មាន​អំពើ​ហិង្សា​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​កាល​ពី​ថ្ងៃ​ទី​២៦ តុលា នោះ​ថា ការ​បោះ​ឆ្នោត​ខាង​មុខ លោក ហ៊ុន សែន ដឹង​ខ្លួន​ថា លោក​មិន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ហើយ​ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត​នោះ មាន​តែ លោក ហ៊ុន សែន ប្រើ​វិធី​ស្រដៀង​ក្រុម​ហ្វាស៊ីស (Fascist) នៅ​ប្រទេស​អ៊ីតាលី ដែល​ប្រើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ និង​អ្នក​ដទៃ​ទៀត។ល។

ការ​ឌឺដង​ដាក់​គ្នា​នេះ លោក ហ៊ុន សែន ទំនង​ជា​មិន​អាច​ទប់​កំហឹង​របស់​ខ្លួន​បាន​នោះ​ឡើយ។ ម្យ៉ាង​ទៀត ជំងឺ​មិន​ទុក​ចិត្ត​ក៏​មាន ហើយ​ដើម្បី​បង្ហាញ​ឥទ្ធិពល​ខ្លួន​ផង​នោះ លោក ហ៊ុន សែន មាន​តែ​ប្រើ​នយោបាយ "ឈ្នះៗ" នេះ ដើម្បី​ចាត់​ការ​ទៅ​លើ​ដៃគូ ព្រោះ​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ទៅ​តាម​បណ្ដឹង​របស់ លោក ហោ ណាំហុង ដែល​ជា​សំណុំ​រឿង​ចាស់​កប់​ទុក​ច្រើន​ឆ្នាំ​មក​ហើយ​នោះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ លោក ហ៊ុន សែន ប្រកាស​ថា សំណុំ​រឿង​របស់​មេ​បក្ស​ប្រឆាំង​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ លោក ហ៊ុន សែន ក៏​ប្រកាស​ថា លោក​ក៏​មិន​ធ្វើ​ជា​តួ​ចិត្ត​ល្អ ក្នុង​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ សុំ​ព្រះរាជទាន​ទោស​ឲ្យ លោក សម រង្ស៊ី ទៀត​ដែរ។

លើស​ពី​នេះ​ទៀត អ្វី​ដែល​គួរ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​ទៀត​នោះ គឺ​សំណុំ​រឿង​របស់ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ផ្ទួនៗ ក្រៅ​ពី​ដីកា​ចាប់​ខ្លួន​តាម​បណ្ដឹង លោក ហោ ណាំហុង នោះ។

តុលាការ​បាន​ចេញ​ដីកា​ចំនួន​ពីរ​ទៀត​ប្រឆាំង​នឹង លោក សម រង្ស៊ី គឺ​ទី​១ លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ប្ដឹង លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍។ ដីកា​កោះ​ហៅ​មួយ​ទៀត គឺ​តុលាការ​ចោទ​ប្រកាន់ លោក សម រង្ស៊ី ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ព្រឹទ្ធសភា លោក ហុង សុខហួរ។

ការ​ចេញ​ដីកា​ប្រឆាំង លោក សម រង្ស៊ី ជា​បន្តបន្ទាប់​នេះ តាម​មើល​ទៅ រដ្ឋាភិបាល​ហាក់​មិន​ខ្វល់​ទៅ​នឹង​ការ​ព្រមាន​របស់​សភា​អឺរ៉ុប និង​សភា​អាស៊ាន ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​នានា​ប្រឆាំង លោក សម រង្ស៊ី បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ពិសេស​គឺ​ការ​ព្រមាន​របស់​សភា​អឺរ៉ុប ក្នុង​ការ​ឈប់​ផ្ដល់​ជំនួយ​ក្នុង​មួយ​ឆ្នាំៗ​ជាង ៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​កម្ពុជា នោះ​ឡើយ ដោយ​ហេតុ​ថា រដ្ឋាភិបាល​កម្ពុជា ក៏​នៅ​មាន​មហា​អំណាច​សេដ្ឋកិច្ច​ចិន នៅ​ពី​ក្រោយ​ខ្នង​ដែរ។

ជា​សរុប​សេចក្ដី​ទៅ ការ​ផ្ដួល​គូបដិបក្ខ​ដោយ​ប្រើ​គោល​នយោបាយ "ឈ្នះៗ" និង​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី បែប​នេះ តាម​មើល​ទៅ លោក ហ៊ុន សែន នៅ​តែ​មាន​ជំងឺ​មិន​ទុក​ចិត្ត​អ្នក​ណា​ទាំងអស់ ក្រៅ​ពី​ក្រុម​គ្រួសារ​លោក។ ម្យ៉ាង​វិញ​ទៀត លោក​ចង់​បន្សាប​ឥទ្ធិពល​គណបក្ស​ប្រឆាំង និង​លោក សម រង្ស៊ី ព្រោះ​ថា ការ​ចាត់​ការ លោក សម រង្ស៊ី តាម​រូបភាព​បែប​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ឡើយ។ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ម្ដងៗ លោក សម រង្ស៊ី មិន​ដែល​មាន​ឱកាស​នៅ​បម្រើ​ប្រជាពលរដ្ឋ​បាន​ពេញ​អាណត្តិ​នោះ​ឡើយ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា លោក សម រង្ស៊ី ជា​មនុស្ស​កំសាក​ជាដើម។

ក្រៅ​ពី​នេះ​ទៀត ក៏​ជា​ឱកាស​មួយ​សម្រាប់​បំបែក​បំបាក់​សម្ព័ន្ធភាព​រវាង លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​ទុក​ឲ្យ លោក កឹម សុខា ដឹក​នាំ​គណបក្ស​ប្រឆាំង​តែ​ម្នាក់​ឯង ព្រោះ​រដ្ឋាភិបាល​ដឹង​យ៉ាង​ច្បាស់​ថា បើ​សិន​ជា​គណបក្ស​ប្រឆាំង​បែក​បាក់​នោះ គឺ​ជា​ជោគជ័យ​របស់​ខ្លួន​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ។

ក៏ប៉ុន្តែ បើ​គណបក្ស​ប្រឆាំង​មិន​បែក​បាក់​វិញ ទោះ​បី​ជា លោក សម រង្ស៊ី នៅ​ក្រៅ​ស្រុក​ក៏ដោយ ប្រជាពលរដ្ឋ​បច្ចុប្បន្ន​អាច​យល់​បាន​យ៉ាង​ច្បាស់​ថា រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នោះ ថា​អ្នក​ណា​ជា​អ្នក​រងគ្រោះ​ពិត​ប្រាកដ។ ជា​លទ្ធផល នឹង​បង្ហាញ​នៅ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨។

ល្បែង​នយោបាយ​ផ្ដួល​គ្នា​នៅ​ពេល​នេះ តាម​មើល​ទៅ ក៏​អាច​ជា​យុទ្ធសាស្ត្រ​គណបក្ស​កាន់​អំណាច ចង់​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ក៏​អាច​ថា​បាន ដូច​ដែល លោក សម រង្ស៊ី ធ្លាប់​បាន​ចោទ​ប្រកាន់ លោក ហ៊ុន សែន កន្លង​មក​នោះ​ថា អ្វី​ដែល លោក ហ៊ុន សែន ធ្វើ​នៅ​ពេល​នេះ គឺ​ជា​ចេតនា​ចង់​ពន្យារ​ពេល​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ។

យ៉ាង​ណា​ក៏ដោយ​ចុះ ល្បែង​អ្នក​នយោបាយ​កំពុង​លេង​នៅ​ពេល​នេះ អ្នក​នយោបាយ​គ្មាន​ជម្រើស​អ្វី​ងាក​មក​រក​តុ​ចរចា​ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ទៀត​នោះ​ទេ ដើម្បី​រក្សា​លំនឹង​នយោបាយ ការ​ផ្ដល់​ឱកាស​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព ព្រោះ​ថា អាថ៌កំបាំង​នៅ​ក្រោយ​ខ្នង​ឈុត​ឆាក​សម្ដែង​របស់​អ្នក​នយោបាយ​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ដឹង និង​មើល​ឃើញ​អស់​ហើយ៕

        ដកស្រងចេញពី RFA Khmer

No comments:

Post a Comment