និស្សិត IT ម្នាក់បង្កើតក្ដាចុចភាសាខ្មែរលើស្មាតហ្វូនថ្មី ងាយស្រួលប្រើ ល្បឿនលឿន
........................
ភ្នំពេញប៉ុស្តិ៍៖ យុវជនកូនខ្មែរមួយរូប ក្រោយទទួលរងសម្ពាធ និងការឈឺចាប់ពីបរទេស ជាមួយសំណួរជាច្រើនអំពីការប្រើប្រាស់ភាសាកំណើត សម្រាប់សរសេរ និងទំនាក់ទំនង បានសម្រេចចិត្ដបង្កើតក្ដាចុចភាសាខ្មែរ (Khnhom Khmer Keyboard) ដែលអាចបង្កើនល្បឿន ក្នុងការសរសេរបានលឿន ងាយស្រួលប្រើ ឆាប់ចាំ ស្អាតសមទៅនឹងស្មាតហ្វូន ដំបូងគេ ជាមួយទូរស័ព្ទដំណើរការប្រព័ន្ធ iOS ។
លោក វ៉ា ពុធនិត្យ យុវជនអ្នកបង្កើតកម្មវិធីក្ដាចុចខ្មែរនេះ បានប្រាប់គេហទំព័រយុវវ័យ LIFT ថា៖ «ពេលដែលខ្ញុំបានចេញទៅសិក្សានៅបរទេស ខ្ញុំមានអារម្មណ៍អាម៉ាស់ខ្លាំងណាស់ ពេលមិត្តភក្តិបរទេសជាច្រើនសួរសំណួរមួយមកខ្ញុំថា ហេតុអ្វីបានជាអ្នកប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសន្ទនា និងសរសេរសារ?»។
លោកបន្ដថា «ស្តាប់ពីដំបូងទៅ យើងគិតថា វាគ្រាន់តែជារឿងកំប្លែងដែលធ្វើឲ្យយើងសើចសប្បាយ ក៏ប៉ុន្តែ ប្រសិនជាយើងគិតឲ្យកាន់តែជ្រៅ យើងកំពុងតែស្ថិតនៅលើផ្លូវដែលឈានទៅដល់ការបាត់បងអក្សរកំណើតរបស់យើងហើយ»។
Content image - Phnom Penh Post
លោក វ៉ា ពុធនិត្យ យល់ឃើញកត្ដាពីរសំខាន់ ដែលជាហេតុបណ្ដាលឲ្យយុវជនមិននិយមប្រើប្រាស់អក្សរកំណើត។
លោកថា «ទី ១ បណ្ដាលមកពី ភាសាខ្មែរមានភាពយឺតយ៉ាវពេកក្នុងដាក់ដំណើរការតាមប្រព័ន្ធ ដូចជា កុំព្យូទ័រ និង ទូរស័ព្ទស្មាតហ្វូន និងទី ២ ក្តារចុចភាសាខ្មែរពិបាកក្នុងការរៀន ដោយសារតែវាមានសភាពយឺតយ៉ាវ និងស៊ាំញាំ សូម្បីតែក្នុងការសរសេរប្រយោគធម្មតា ឬ ន័យសាមញ្ញក៏ដោយ»។
កម្មវិធី ក្ដាចុចខ្ញុំខ្មែរ នេះបានដាក់ដំណើរការដំបូងតាំងពី ខែធ្នូ ឆ្នាំ ២០១៤ នៅលើ App Store ដែលអាចទាញយកមកប្រើប្រាស់បានជាមួយនឹងប្រភេទទូរស័ព្ទស្មាតហ្វូនដែលបានដំឡើងដល់កម្រិត ១.២ (version 1.2)។
អតីតនិស្សិតផ្នែក ព័ត៌មានវិទ្យានៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានអាហារករណ៍ផ្នែកវិស្វកម្ម ទៅរៀននៅ កូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១០ និងកំពុងបន្ដការសិក្សាអាហារូបករណ៍ ថ្នាក់បណ្ឌិត នៃសកលវិទ្យាល័យ EVora ក្នុងប្រទេស ព័រទុហ្កាល បានបន្តថា «ខ្ញុំចង់ឲ្យមនុស្ស អាចរៀន វាបានលឿននិងប្រើវាបានល្អ។ ដូច្នេះ ខ្ញុំចាប់ផ្តើម ជាមួយនឹងអ្វីដែល សាមញ្ញ អ្វីដែលងាយស្រួលយល់ និងឆាប់ចាំ។ អញ្ចឹងក្ដាចុចនេះ បានផ្តោតសំខាន់លើអ្នកប្រើថ្មី និងមនុស្សចាស់ ដែលមិនធ្លាប់ប្រើ ឬមានការលំបាក ក្នុងការចងចាំ»។
លោកសង្ឃឹមថា «ក្ដាចុចខ្មែរមួយនេះនឹងអាចជួយជំរុញឲ្យយើងបែរមកសរសេរអក្សរខ្មែរបានកាន់តែច្រើនជាងមុន និងផ្ដល់អត្ថប្រយោជន៍ថ្មីមួយទៀតដល់សង្គមជាតិ»៕
No comments:
Post a Comment